នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋរស់នៅក្នុងភូមិកែវផុស (ហៅភូមិហាន) ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សរុបចំនួន៣៥០នាក់។
ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បាននាំយកថវិកាចែកជូនប្រជាពលរដ្ឋចំនួន៣៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភថវិកាដល់ឃុំកែវផុសចំនួន ៥០ម៉ឺនរៀល វិទ្យាល័យហ៊ុនសែនកែវផុសចំនួន ៤០ម៉ឺនរៀល កងរាជអាវុហត្ថស្រុកកែវផុសចំនួន ៤០ម៉ឺនរៀល នគបាលប៉ុស្ត៍រដ្ឋបាលឃុំកែវផុសចំនួន ៤០ម៉ឺនរៀល នគបាលព្រំដែនទឹកកែវផុសចំនួន ៤០ម៉ឺនរៀល និងក្រុមប្រឹក្សាឃុំកែវផុសចំនួន២៥ម៉ឺនរៀល។
បន្ទាប់មក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ ហ៊ុន សែន ថ្មរៀង ក្រាលកៅស៊ូ DBST ប្រវែង ៧២០ម៉ែត្រ (ដំណាក់កាលទី១) ពីចំណុចមុខកំពង់ផែឧកញ៉ាម៉ុង ដល់ស្ពានបេតុងឆ្លងដៃសមុទ្រព្រែកថ្មរៀង ស្ថិតក្នុងភូមិឫទ្ធី១ ឃុំកែវផុស ព្រមទាំងបានបន្តចុះពិនិត្យមើលសកម្មភាពគ្រឿងចក្រជួសជុលផ្លូវក្រាលគ្រួសក្រហមមានប្រវែង៩៥០ម៉ែត្រ ស្ថិតក្នុងភូមិកែវផុស (ហៅភូមិហាន) ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន